គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី បានបណ្តាលឲ្យមនុស្សស្លាប់ ប្រមាណជាង ៣៥ ២០០នាក់។ ក្នុងនោះ នៅភាគីខាងស៊ីរី មានស្លាប់មនុស្សជាង ៣ ៥០០ នាក់។ នេះបើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែ ប្រធានអង្គការសុខភាពពិភពលោក បានលើកឡើងថា ជនរងគ្រោះពិតប្រាកដ អាចនឹងមានចំនួនច្រើនជាងទិន្នន័យនេះ ឬអាច«គុណនឹងពីរផង»។ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ផ្តល់ទិន្នន័យថ្មីថា អ្នកស្លាប់នៅស៊ីរី មានជាង ៤៣០០នាក់ ហើយរបួស ជាង ៧ ៦០០នាក់។ ជនរងគ្រោះបន្តខ្វះជំនួយឧបត្ថម្ភ ក្នុងកាលៈទេសៈអាកាសធាតុត្រជាក់ខ្លាំង ហើយនិងខ្វះជម្រកស្នាក់នៅ។
ទីបំផុតទៅ ប្រធានក្រុមហ៊ុនសហគ្រាសសំណង់ ជាង ១០ ត្រូវ រដ្ឋាភិបាលតួកគី ចាប់ខ្លួន ហើយដីកាកោះហៅ កំពុងមានជាហូរហែ។ អ្នកម៉ៅការសំណង់ជាង១០០ ក៏ត្រូវចាប់ខ្លួនដែរ។