ទង់ជាតិរុស្ស៊ីដែលបក់រវិចៗនៅតំបន់ឃែរសុនតាំងពី៨ខែមក បានទម្លាក់ចុះពីទង់វិញហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១០ វិច្ឆិកានេះ។ នេះបើតាមរូបភាពបង្ហោះក្នុងប្លុករុស្ស៊ីមួយ ដែលមានសិទ្ធិថតសកម្មភាពរបស់រុស្ស៊ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ការដកទ័ពចេញនេះប្រព្រឹត្តទៅជួនចំពេលមេដឹកនាំជាន់ខ្ពស់យោធាអាមេរិកប្រកាសថាចំនួនទាហានរុស្ស៊ីនិងអ៊ុយក្រែនបាត់បង់ជីវិតអស់ប្រហាក់ប្រហែលគ្នានៅក្នុងសង្គ្រាម និងបង្ហាញក្តីសង្ឃឹមថានឹងអាចបិទបញ្ចប់សង្គ្រាមដោយការចរចា។ ប៉ុន្តែលោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ពូទីន បន្តស្ថិតក្នុងភាពឯកាដដែល។ លោកបានប្រកាសមិនធ្វើដំណើរទៅចូលជំនួបកំពូលហ្សេ២០ តាមការអញ្ជើញរបស់ឥណ្ឌូណេស៊ីទេ។