របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញនៅថ្ងៃពុធ ទី០៧ ខែកុម្ភៈនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ពេញ ១ឆ្នាំ២០២៣ នៅតែមានការកើនឡើង។ បើធៀបនឹងឆ្នាំ ២០២២ គឺកើនឡើង ១១%។ តាមរបាយការណ៍ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាង ៣ ៣០០លើក ក្នុងនោះ៥៥% គ្រោះថ្នាក់ពេលយប់ ហើយបណ្តាលឲ្យស្លាប់ ១ ៥៩០នាក់ ក្នុងនោះ៨០% អ្នកជិះម៉ូតូ និងរបួសជាង ៤ ៥០០នាក់។ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៣ គឺការបើកបរលើសល្បឿន ៤១% និងមិនគោរពសិទ្ធិអ្នកដទៃ ២២%។ ចំណែកបើកបរដោយស្ថានភាពស្រវឹងមានតែ ៣% ប៉ុណ្ណោះ។ ចំណុចចុងក្រោយមួយនេះបង្កជាចំងល់ពីអ្នកពាក់ព័ន្ធនានា។ តើអ្វីទៅជាមូលហេតុពិតប្រាកដដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍មិនថមថយ និងថាតើភាគីពាក់ព័ន្ធមានដំណោះស្រាយយ៉ាងណាខ្លះ?