នៅស៊ូដង់ ស្ថានការណ៍ កាន់តែធ្លាក់ដុនដាប ដោយសារក្រុមយោធាទាំងពីរ នៅតែបន្តប្រយុទ្ធដណ្តើមអំណាចគ្នា ដោយគ្មានភាគីណាមួយយល់ព្រមចុះចាញ់ទាល់តែសោះ។ ការប្រយុទ្ធគ្នាដ៏ហិង្សា ១០ថ្ងៃមកនេះ រវាងក្រុមកងទ័ពជាតិ និងក្រុមកងអាវុធហត្ថប្រតិបត្តិការរហ័ស FSR នៅរដ្ឋធានីខាទុំ និងតំបន់ដាហ្វួរបានសម្លាប់មនុស្សជាង ៤០០នាក់ និងរបួស ជាង ៣៧០០នាក់។ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត បណ្តាប្រទេសធំៗបានរួសរាន់ជម្លៀស មន្រ្តីទូត និងពលរដ្ឋរបស់ខ្លួនចេញពីស៊ូដង់។ នៅថ្ងៃចន្ទម្សិលមិញ ប្រមុខការបរទេសអឺរ៉ុបបានអះអាងថា ជនជាតិអឺរ៉ុប ជាង១០០០នាក់ ត្រូវជម្លៀសចេញពីប្រទេសស៊ូដង់។ ប្រទេសធំៗ និងប្រទេសជិតខាងរបស់ស៊ូដង់សម្រេចជម្លៀសប្រជាជនរបស់ខ្លួនចេញពីស៊ូដង់ ដោយមើលឃើញថា ការប្រយុទ្ធគ្នា ដោយមិនបន្ធូរដៃរវាងគូបដិបក្ខកំពុងធ្វើឲ្យស៊ូដង់ធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល យ៉ាងប្រាកដ។ អស្ថិរភាព សង្រ្គាមស៊ីវិលនៅស៊ូដង់នឹងគំរាមកំហែងតំបន់អាហ្វ្រិកទាំងមូល។ ហេតុអ្វីបានជាដូច្នេះ។