កម្ពុជាកំពុងសិក្សាពីលទ្ធភាពបង្កើតច្បាប់ស្ដីពីការជ្រៀតជ្រែកពីបរទេស ក្នុងគោលដៅរក្សាការពារសន្តិសុខជាតិ។ នេះបើតាមអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ ដោយបញ្ជាក់ទៀតថា មន្ត្រីពាក់ព័ន្ធកំពុងអាននិងស្វែងយល់យ៉ាងម៉ត់ចត់ អំពីឯកសារច្បាប់នេះ។ ជាច្បាប់ដែលមានលំនាំពីប្រទេសសឹង្ហបុរី។ អង្គការសង្គមស៊ីវិលនិងមន្ត្រីសិទ្ធិមនុស្ស បានសម្តែងក្តីព្រួយបារម្ភអំពីផលប៉ះពាល់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងនយោបាយកម្ពុជា ប្រសិនបើកម្ពុជាមានច្បាប់នេះមែន។ តែយ៉ាងណាអ្នកវិភាគ យល់ថាកម្ពុជាគួរតែបង្កើតអោយមានច្បាប់ថ្មីនេះ ដើម្បីរក្សាសន្តិសុខជាតិនិងជៀសវាងពីក្រញាំបរទេសនៅក្នុងល្បែងភូមិសាស្ត្រនយោបាយ។