ចាប់ពីថ្ងៃចន្ទ ទី១១ កក្កដា និងមានរយៈពេល ១០ថ្ងៃ ក្រុមហ៊ុនឧស្ម័នរុស្ស៊ី Gazprom បានបិទរ៉ូប៊ីណេឧស្ម័នដើម្បីផ្តើមការជួសជុលលើបំពង់បង្ហូរឧស្ម័ន Nord Stream 1។ ឧស្ម័នដែលបង្ហូរតាមបំពង់ Nord Stream 1 នេះមានភាគច្រើនលក់ទៅឲ្យប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបខាងលិច។ ទន្ទឹមគ្នានេះ Gazprom ក៏បានប្រកាសពីការកាត់បន្ថយការបញ្ជូនឧស្ម័នទៅឲ្យប្រទេសអ៊ីតាលី និងប្រទេសអូទ្រីស។ តាមពិត ការជួសជុលបំពង់បង្ហូរឧស្ម័ន Nord Stream 1 បានគ្រោងទុកតាំងពីយូរ។ តែអឺរ៉ុបបារម្ភខ្លាចរុស្ស៊ីឆ្លៀតយកឱកាសជួសជុលបំពង់បង្ហូរឧស្ម័ន Nord Stream 1 ពេលនេះដើម្បីបញ្ឈប់ការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបជារៀងរហូត។