យោងតាមទិន្នន័យសិក្សាថ្មីមួយបានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី៩ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលមានសិស្សចេញទៅសិក្សានៅក្រៅប្រទេសតិច ខណៈវៀតណាមឈរលេខ១ ដែលមានសិស្សរៀននៅក្រៅប្រទេសច្រើនជាងគេ។ តាមតួលេខចេញផ្សាយដោយកាសែតជប៉ុន Nikkie Asia កម្ពុជាមានសិស្សកំពុងសិក្សានៅបរទេសប្រហាក់ប្រហែលតែ១ម៉ឺននាក់ ដោយខុសឆ្ងាយពីវៀតណាមដែលមានចំនួនជិត១៥ម៉ឺននាក់ និងថៃមានចំនួនជិត៥ម៉ឺននាក់។ ជុំវិញរឿងនេះ អ្នកតាមដានសង្គមលើកឡើងពីគោលគំនិតខុសៗគ្នា ដោយអ្នកខ្លះយល់ថា ប្រព័ន្ធអប់រំនៅកម្ពុជាមានលក្ខណៈល្អប្រសើរ និងមតិខ្លះយល់ថា សមត្ថភាពរបស់និសិ្សតកម្ពុជានៅមានកម្រិត ដែលមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសដទៃបាន។ តែយ៉ាងណា រដ្ឋាភិបាលបញ្ជាក់ថា ខ្លួននឹងបន្តបញ្ចូននិសិ្សតកម្ពុជាទៅសិក្សានៅក្រៅប្រទេសបន្ថែមទៀត។