ករណីឆបោកតាមប្រព័ន្ធអនឡាញត្រូវបានអ្នកជំនាញកត់សម្គាល់ថា កំពុងលាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូដែលភាគច្រើនមានវត្តមាននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ការជ្រកក្រោមអាជីវកម្មល្បែងកាស៊ីណូបានក្លាយជាចំណោទបញ្ហាជុំវិញភាពរឹងមាំនៃប្រព័ន្ធច្បាប់កម្ពុជា ពិសេសសមត្ថភាពអនុវត្តច្បាប់របស់អាជ្ញាធរនៅតាមមូលដ្ឋាន ក្នុងការចុះស៊ើបអង្កេត ចាត់វិធានការបង្ក្រាបទីតាំងទាំងនោះ។ តែយ៉ាងណា អ្នកជំនាញយល់ថា អាជ្ញាធរគ្មានលទ្ធភាពគ្រប់គ្រាន់ឡើយ ត្បិតទីតាំងល្បែងកាស៊ីណូមួយភាគធំ គឺកាន់កាប់ដោយបុគ្គលមានឥទ្ធិពល និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។