សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានបង្កជាវិនាសកម្មសេដ្ឋកិច្ចពាសពេញពិភពលោក បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩។ ប្រធានបទដែលមិនអាចរំលងបាននេះ ត្រូវគេរំពឹងថានឹងត្រូវលើកឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅទីក្រុងភ្នំពេញនាដើមខែសីហាខាងមុខនេះ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថានឹងចូលរួមនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ក៏ប៉ុន្តែតំណាងប្រទេសអ៊ុយក្រែន ទំនងជាមិនអាចចូលរួមជាភាគីជាមួយអាស៊ានបានទេ ដោយសារតែការដាក់ពាក្យរបស់អ៊ុយក្រែនហាក់ដូចជាយឺតជាងគេ។ នេះបើតាមលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ។