ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីសប្តាហ៍មុន បានចេញសេចក្តីជូនដំណឹងមួយស្តីពីការកែច្នៃដំឡើងម៉ូដែលរថយន្តដោយគ្មានការអនុញ្ញាត ដោយផ្អែកទៅលើមាត្រា១៩ នៃអនុក្រឹត្យលេខ១៨០ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងម៉ូដែលរថយន្ត។ ក្រសួងសាធារណការបានបញ្ជាក់ចំនួន២ចំណុចដោយមិនអនុញ្ញាតឲ្យរថយន្តដែលកែច្នៃដំឡើងម៉ូដែល ឬឡើងស៊េរី ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសទេ ប្រសិនបើរថយន្តទាំងនោះកែច្នៃដំឡើងម៉ូដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងមិនមានការអនុញ្ញាតពីក្រសួង។ ក្រសួងក៏បញ្ជាក់ផងដែរពីការបិទយានដ្ឋាន ដែលធ្វើការកែច្នៃដំឡើងម៉ូដែល ដែលមិនមានការអនុញ្ញាតពីក្រសួងសាធារណការ។