ជារឿយៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងចេញអនុក្រឹត្យកាត់ដីសាធារណៈរបស់រដ្ឋដែលស្ថិតក្នុងតំបន់អភិរក្សសត្វព្រៃ តំបន់អភិរក្សព្រៃឈើ ឬឧទ្យានជាតិ ទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ាក្នុងស្រុក និងក្រុមហ៊ុនឯកជនផ្សេងៗទៀតក្រោមហេតុផលវិនិយោគ។ ក្នុងអនុក្រឹត្យមួយចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបានកាត់ដីឧទ្យានជាតិកែបជិត៣០ហិកតាឱ្យទៅម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមីជាតិ គឺអ្នកឧកញ៉ា ជឹង សុគន្ធាវី កូនស្រីអ្នកស្រី ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា ដើម្បីយកអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ ការកាត់ឆ្កៀលដីសាធារណៈរបស់រដ្ឋ ពិសេសដីឧទ្យានជាតិ និងដីក្នុងតំបន់អភិរក្ស អ្នកវិភាគចាត់ទុកថា ការរូបភាពពុករលួយរបស់រដ្ឋាភិបាល ក្នុងការកេងចំណេញផលប្រយោជន៍ពីការវិនិយោគទាំងនោះ ខណៈពួកគេកត់សម្គាល់ថា ភាគច្រើនបុគ្គលដែលទទួលបានដីទាំងនោះមកវិនិយោគ គឺជាមនុស្សដែលស្និទ្ធិនឹងរដ្ឋាភិបាល។