រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ បានទទួលការអបអរសាទរពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀត ជាហូរហែ។ ក៏ប៉ុន្តែពីបណ្តាប្រទេសលោកលិច ដែលនិយមប្រជាធិបតេយ្យ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ ដោយមិនបានផ្ញើលិខិតអបអរលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីនៅឡើយនោះទេ។ អ្នកតាមដាននយោបាយ ថា បញ្ហានេះ គឺដោយសារតែ ប្រទេសលោកខាងលិច មើលឃើញថា រដ្ឋាភិបាលថ្មីនៅតែបរាជ័យក្នុងការស្តារប្រព័ន្ធប្រជាធិបតេយ្យ និងបញ្ហានយោបាយផ្ទៃក្នុងកម្ពុជា។ តែយ៉ាងនេះក្តី អ្នកតាមដាននយោបាយខ្លះ ក៏យល់ថា ប្រទេសលោកខាងលិច នឹងនៅតែរក្សាការសហការ ធ្វើការជាមួយលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដូចគ្នា។