១២ឆ្នាំ បានកន្លងផុតទៅហើយ បន្ទាប់ពីជប៉ុនបានជួបគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែរលកយក្សស៊ូណាមិ បានបោកបក់លើរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា។ ជាង១០ឆ្នាំមកនេះ អ្នកជំនាញនិងអាជ្ញាធរជប៉ុន បានប្រឹងប្រែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការបែកធ្លាយសារធាតុវិទ្យុសកម្ម ព្រមទាំងទប់រ៉េអាក់ទ័រនុយក្លេអ៊ែរ ឲ្យស្ថិតក្នុងស្ថិរភាព ចៀសវាងករណីផ្ទុះ។ រដ្ឋាភិបាលជប៉ុន បានសម្រេចបើកភ្លើងខៀវ អនុញ្ញាតឲ្យក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុនគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរហ៊ូគីឈីម៉ា អាចបង្ហូរកាកសំណល់ទឹក ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម ចូលទៅក្នុងសមុទ្រ។ ប្រតិបត្តិការនេះនឹងត្រូវចាប់ផ្តើមធ្វើ ក្នុងពេលឆាប់ខាងមុខនេះហើយ បើទោះបីជាសហគមន៍ប្រជាជនមូលដ្ឋាន ព្រមទាំងអង្គការការពារបរិស្ថាន បានសំដែងការជំទាស់យ៉ាងណាក៏ដោយ។