នាទីសុខភាពនិងអនាម័យ

ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?


Listen Later

អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​ស្ទើរ​ក្លាយ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​របស់​ពលរដ្ឋ​។ បើ​​មិន​ឆ្លងផង ហេតុ​អ្វី​ជំងឺ​នេះ​​មាន​កំណើន​ខ្លាំង​? តើ​អ្វីជា​កត្តា​ជំរុញ​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង ? តើ​គេ​អាច​ទប់​ស្កាត់​និង​បង្ការ​ជំងឺ​មិន​ឆ្លង​បាន​ដែរឬទេ?

មនុស្ស​គ្រប់​រូប​ប្រយ័ត្ន​ប្រយែង​ខ្លាំងណាស់ ខ្លាច​ឆ្លង​មេរោគ ឆ្លង​ជំងឺ​ផ្សេងៗ​ ពី​អ្នក​ដទៃ។ អាជ្ញាធរ​ប្រទេសនីមួយៗ​ក៏​ប្រឹង​ប្រែង​ខ្លាំងដែរ​ក្នុង​ការ​បើក​យុទ្ធនាការ​ជាតិ ឬមូលដ្ឋាន ចាក់​ថ្នាំ​បង្ការ ឬ​រក​មធ្យោបាយ​ទប់​ស្កាត់​ជំងឺ​ឆ្លង។ ប៉ុន្តែ​បច្ចុប្បន្ននេះ បើ​តាម​ស្ថិតិ​ពិភពលោក ​ជំងឺ​មិន​ឆ្លងកំពុង​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ។ នៅ​ឆ្នាំ​២០២១ មានមនុស្ស​ជាង​៤៣​លាន​នាក់​បានស្លាប់ ដោយ​ជំងឺ​មិនឆ្លង​ ពោលគឺ​ស្មើ​នឹង​ប្រមាណ​៧៥%​នៃ​ចំនួនមរណភាព​សរុបនៅលើ​ពិភពលោក ដែល​មិនពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត។ នៅក្នុង​ឆ្នាំ​២០២១​ដដែល ជំងឺ​មិនឆ្លង​បាន​សម្លាប់​មនុស្ស​អាយុ​ក្រោម​៧០ឆ្នាំ​អស់​១៨លាន​នាក់ ឬ​ស្មើ​នឹង​៨២%​នៃមរណភាព​មុន​កាល​នៅ​តាម​បណ្តាប្រទេស​ក្រីក្រ​និង​មធ្យម។ នេះ​បើ​តាមតួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាពពិភពលោក។ មិន​ដូច​ជា​ការ​គិត ជំងឺ​មិនឆ្លង​មិនមែនជា​ជំងឺ​របស់​ប្រទេស​អ្នកមាន​​ទេ ៧៣%​នៃ​អ្នកស្លាប់​ដោយ​ជំងឺ​មិនឆ្លង​ រស់​នៅក្នុង​ប្រទេស​ក្រីក្រ​និង​មធ្យម។

ជាក់ស្តែង នៅប្រទេសកម្ពុជា បើ​តាម​លទ្ធផលអង្កេត​របស់ក្រសួងសុខាភិបាល ដោយ​មានជំនួយ​បច្ចេកទេស​ពី​អង្គការ​សុខភាពពិភពលោកកាលពី​ឆ្នាំ​២០២៣ ករណី​ជំងឺ​មិន​ឆ្លង​បានកើន​ឡើង​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ក្លាយ​ជា​មូលហេតុ​ទីមួយ​នៃមរណភាព​ ដែល​មាន​ចំនួន​ប្រមាណ​៦ម៉ឺន​នាក់ក្នុងមួយ​ឆ្នាំ។ អាជ្ញាធរសុខាភិបាលកម្ពុជា​​បាន​ទទួល​ស្គាល់ថា​ជា​ស្ថានភាពអាក្រក់ និង​បាន​​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ប្តូរ​ទម្លាប់​រស់​នៅ។

តើ​ជំងឺមិនឆ្លងនេះ​ជា​អ្វី?

ដូចឈ្មោះ​ហៅ ជំងឺមិនឆ្លង ជាក្រុម​​ជំងឺ​ដែល​មិនបង្ក​ឡើង​ដោយការ​ឆ្លង​ពី​​អ្នក​ផ្សេង ឬ​ដោយ​ការ​ចម្លង​មេរោ​គ​ឱ្យ​គ្នា ឬ​អាច​ហៅ​ម្យ៉ាង​ទៀត ថា​ជាជំងឺ​រ៉ាំរ៉ៃ និង​ជា​ជំងឺ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ឥរិយាបថ​របស់​បុគ្គល​ខ្លួន​ឯង ភ្ជាប់​ដោយ​កត្តាពូជ កត្តា​សរីរៈវិទ្យា និង​បរិស្ថាននៅជុំ​វិញ​ខ្លួន។ ជំងឺ​មិន​ឆ្លង​ច្រើន​តែ​​ឈឺ​អូសបន្លាយ​ទៅ​តាម​ពេលវេលា ហើយ​ទាមទារ​ការ​ព្យាបាល និង​ថែ​ទាំ​យូរ​អង្វែង ទម្រាំ​បានជា​​សះ​ស្បើយ​ឡើង​វិញ។

ជំងឺមិនឆ្លងដ៏​​ធំ​ចម្បង​គេ មាន​បួន គឺ​ជំងឺ​មហារីក ជំងឺ​សរសៃ​ឈាម​បេះដូង ទឹកនោមផ្អែម និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ។ វិបត្តិ​​ផ្លូវចិត្ត បញ្ហា​ខួរក្បាល ​ក៏​ចាត់​បញ្ចូល​ជា​ជំងឺមិនឆ្លង ដែល​កំពុង​មាន​កំណើន​ខ្លាំង​ដែរ។​ ជំងឺ​ក្រពះ​ពោះវៀន ជំងឺ​ថ្លើម ជំងឺ​វង្វេង​វង្វាន់ ក្រលៀន​តម្រង​នោម និង​អត្តឃាត ក៏​ស្ថិត​ក្នុង​ចង្កោម​ជំងឺ​មិន​ឆ្លងធំៗ ​១០​ដំបូង​គេ​ដែរ។

ដោយ​លម្អិត ជំងឺ​មហារីក​បាន​កើនស្ទើរ​ទ្វេដង នៅទូទាំងពិភពលោក ជាពិសេស​ក្នុង​ចំណោម​អ្នកជំងឺ​ក្មេង​អាយុ​ក្រោម​៥០ឆ្នាំ។ កម្ពុជា ជា​ឧទាហរណ៍​ពិតៗ ដោយ​មានអត្រា​អ្នក​កើត​ជំងឺ​មហារីក​កើនឡើង​ដល់ទៅ​៨៧,៤២%នៅឆ្នាំ​២០២៤ជាមួយ​នឹ​ង​អត្រា​មរណៈ​ខ្ពស់​ខ្លាំង​​ដល់​ទៅ​​ជាង​៧០% ឬបើ​គិត​ជា​ចំនួន ​​មាន​ស្លាប់​ជាមធ្យម​៣៨នាក់​ក្នុងមួយថ្ងៃៗ។ នេះ​បើ​តាម​ស្ថិតិ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។ ចំណែកជំងឺ​ទឹកនោម​ផ្អែម បានកើន​ឡើង​៥៩% នៅឆ្នាំ២០២៤បើប្រៀប​ទៅ​នឹង​ឆ្នាំ​២០២៣។ សន្ទុះដ៏​​ខ្លាំង​ហួសនិស្ស័យ និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ គឺករណីជំងឺ​ផ្លូវ​ចិត្ត។ Le petit Journal Cambodge បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​៦​ឧសភា​២០២៥ ថា​មាន​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ចំនួន​ជាង​២សែន​៨ម៉ឺន​ករណីថ្មី​នៅ​ឆ្នាំ​២០២៤។ ជំងឺមិនឆ្លង​គួរ​ជា​ទី​ព្រួយ​បារម្ភ​មួយ​ទៀត ទាក់ទង​ជំងឺសរសៃ​ឈាម​បេះដូង (ជំងឺ​លើស​ឈាម) បាន​កើន​ឡើង​២១,៤%។ នេះ​បើ​តាម​ប្រភព​ដដែល។

តើ​មាន​កត្តា​​អ្វី​ខ្លះ​ដែល​ជំរុញ​ឱ្យ​មានករណី​ជំងឺ​មិន​ឆ្លង​កើន​ឡើង​យ៉ាង​ខ្លាំង​ដូច្នេះ?

កុមារ មនុស្សធំពេញ​កម្លាំង មនុស្ស​ចាស់ ប្រឈម​នឹង​កត្តាហានិភ័យ​នៃ​ជំងឺ​មិន​ឆ្លង​ដូច​គ្នា។ កត្តា​ហានិភ័យ​នាំ​ឱ្យ​កើត​ជំងឺ​មិន​ឆ្លង​មានច្រើនយ៉ាង៖

ទីមួយ ឥរិយាបថនៃ​ការរស់​នៅ​។ ការ​ជក់​បារី ស្រូប​ផ្សែងបារី​ពីគេ របៀបរបប​ហូប​ចុក​ប្រចាំ​ថ្ងៃ (ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក) ផឹកស្រាហួសហេតុ និង​កង្វះ​​សកម្មភាពផ្លូវកាយ សុទ្ធសឹង​ជា​កត្តា​ហានិភ័យ​បង្កើន​គ្រោះ​កើតជំងឺ​មិន​ឆ្លង​ហើយ។

ទីពីរ គឺ​កត្តា​មេតាបូលិក។ របប​អាហារ​មិន​ល្អ និង​ភាព​​អសកម្ម​មិន​បញ្ចេញ​ចលនា​កាយ​សម្បទា ​​អាច​ជំរុញ​ឱ្យលេច​ឡើងនូវ​អាការៈ លើសឈាម (មាន​សម្ពាធ​ឈាមខ្ពស់) លើស​ជាតិ​ស្ករ លើស​ជាតិ​ខ្លាញ់ និង​ឡើង​ធាត់​ជ្រុល​ចុក​ខ្លាញ់។ អាការៈ​ទាំងអស់​នេះ ជា​កត្តាហានិភ័យមេតាបូលិក ដែលនាំឆ្ពោះ​ទៅ​រក​ជំងឺ​សរសៃ​ឈាម​បេះដូង គ្រោះថ្នាក់ស្ទះឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ឬ នៅបេះដូង។

កត្តា​បរិស្ថាន ជា​ពិសេសខ្យល់ពុលក្នុងបរិយាកាស និង​ខ្យល់ពុល​ក្នុង​ផ្ទះ (ដែលបិទ​ខ្ទប់​ និង​​បំពុល​ដោយ​សារធាតុ​គីមី​គ្រប់​បែប​យ៉ាង) ក៏​មាន​ចំណែកបង្កើន​គ្រោះ​ហានិភ័យ​​កើត​ជំងឺ​មិន​ឆ្លង​ដែរ។ ក្នុង​មួយ​ឆ្នាំៗ ខ្យល់​ពុល​បាន​សម្លាប់មនុស្សប្រមាណជាង​៦លាន​៧សែន​នាក់ ក្នុងនោះ ជាង​៥លាន៦សែន ស្លាប់​ដោយ​ជំងឺមិន​ឆ្លង​បង្ក​ឡើង​ខ្យល់ពុល ក្នុង​ទម្រង់​ជា​ជំងឺគ្រោះថ្នាក់សរសៃ​ឈាម​ក្នុង​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​សួត​រ៉ាំរ៉ៃ និង​ជំងឺមហារីក​សួត។

 

សរុប​​សេចក្តីមក ការ​សិក្សា​ច្រើន​បានទម្លាក់​កំហុស​ទៅ​លើឥរិយាបថ​និង​អាកប្បកិរិយា​នៃ​ការ​រស់​នៅសម័យ​ទំនើប ថា​ជា​បុព្វហេតុ​នាំ​ឱ្យ​មាន​​កំណើន​នៃ​ជំងឺ​មិន​ឆ្លង នៅ​លើ​ពិភពលោក និយាយ​ជា​រួម និង​និយាយ​ដោយ​ឡែក​នៅកម្ពុជា។

ទម្លាប់​រស់​នៅ​មិន​ល្អ​ ទាក់ទង​នឹង​​ការ​ជក់​បារី មាន​អត្រា​ប្រមាណ ២០%។ ថ្វីបើ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ខ្លាំង​នឹង​ការ​ជក់​បារី​ក៏​ដោយ​ ក៏​មនុស្សពេញ​វ័យ​ខ្មែរ​ប្រមាណ​២០%​បន្ត​ជក់​បារី។ នេះ​មិន​រាប់​ការ​ជក់​បារី​អេឡិចត្រូនិក ដែល​ពុំ​ទាន់​មាន​ការ​សិក្សា​ណា​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​អំពី​គ្រោះថ្នាក់​ចំពោះ​សុខភាព​ផង។

ទម្លាប់​មិន​ល្អ​ទីពីរ ដែល​របាយការណ៍​បាន​ភ្ជាប់​ថា​អាច​ជា​មូលហេតុ​នាំ​ឱ្យ​មាន​កំណើន​ជំងឺ​មិន​ឆ្លង​ច្រើន នោះ​ គឺ​ការ​ទទួលទាន​​អំបិលច្រើន​ហួស​កំរិត​អនុញ្ញាតសម្រាប់​សុខភាព។ ជាមធ្យម​ពលរដ្ឋ​ខ្មែរ​បរិភោគ​អាហារ​ប្រៃ​ខ្លាំង ក្នុងបរិមាណ​​អំបិលប្រមាណ​​៩,៥ក្រាម ជា​មធ្យម ក្នុង​មួយ​ថ្ងៃ ពោល​គឺច្រើន​ជាង​អនុសាសន៍​ណែនាំរបស់​អង្គការ​សុខភាពពិភពលោក​ដល់​ទៅ​ជិត​ពីរ​ដង។ អំបិល​ឬ​ជាតិ​ប្រៃ​ ជា​ប្រភព​សម្រួល​ឱ្យ​មាន​ជំងឺ​លើស​ឈាម និង​ជំងឺ​មិន​ឆ្លង​ផ្សេង​ទៀត។ តួលេខ​បាន​បង្ហាញ​យ៉ាង​ច្បាស់អំពី​ឥទ្ធិពល​នៃ​ការ​ទទួល​ទាន​ប្រៃ ចំពោះ​កំណើន​ជំងឺ​មិន​ឆ្លង​ ព្រោះ​បើ​តាម​របាយការណ៍​​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ មាន​អាការៈ​លើស​ឈាម​។

ធ្ងន់ធ្ងរ​ជាង​គេ គឺ​ការ​ទទួល​ទាន​សុរា។ មួយ​ភាគបួន​នៃ​មនុស្ស​ពេញ​វ័យ​ខ្មែរ បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​ខ្លួ​នឯង​ថា​បាន​ផឹក​ស្រា ស្រាបៀ ហួសហេតុ​។

អ្វី​ជា​​ទម្លាប់ល្អ​នៃ​ការ​រស់​នៅ?

ថ្វីបើ​ជំងឺ​មិន​ឆ្លង​ ជា​ជំងឺ​ចម្រើន​ទៅ​តាម​វ័យ​ ដោយ​មនុស្ស​ចាស់​​ងាយ​កើត​ជំងឺ​មិន​ឆ្លង​ច្រើន​ជាងគេ​មែន ប៉ុន្តែប្រជាពលរដ្ឋ ក្មេង​ចាស់​ប្រុស​ស្រី គ្រប់​វ័យ ​រស់នៅក្នុង​គ្រប់​តំបន់ គ្រប់ប្រទេស សុទ្ធ​តែ​អាច​កើតជំងឺមិន​ឆ្លង​ទាំងអស់។ ​គេ​អាច​កាត់​បន្ថយ​គ្រោះ​​ធ្លាក់​ខ្លួន​មាន​ជំងឺ​មិន​ឆ្លង​បាន ដោយ​​លុប​បំបាត់​​​កត្តា​ហានិភ័យ ដូច​បាន​រៀប​រាប់​មក​ពី​ខាង​ដើមថា ​ជំងឺ​មិន​ឆ្លងជា​លទ្ធផល​នៃ​ការ​បូក​ផ្សំ​គ្នា​រវាង​​ឥរិយាបថ​នៃការ​រស់​នៅ ហ្សែនពីកំណើត សរីរៈ​ និង​បរិស្ថាន​នៅជុំ​វិញ​ខ្លួន។ តែ​កត្តា​ដ៏​ចម្បង​បំផុត ហើយ​​អាច​ប្តូរ​ផ្លាស់​បាន នោះ​គឺ​របៀបរបប​រស់​នៅ។ តាម​រយៈ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​ ដែល​កត្តា​ហានិភ័យ​ចម្បងបំផុត​​នៃ​ជំងឺ​មិន​ឆ្លង គេ​អាច​បញ្ចៀស​ជំងឺ​បេះដូង ជំងឺ​​សរសៃ​ឈាម​បេះ​ដូង និងបញ្ចៀស​​គ្រោះថ្នាក់សរសៃ​ឈាម​ក្នុង​ខួរក្បាល​ស្ត្រូប បាន​៨០%​ និង​បញ្ចៀស​ជំងឺ​មហារីក​មុន​កាល (នៅក្មេងក្រោមអាយុ៥០ឆ្នាំ) បាន​ប្រមាណ​ពី​៣០ទៅ​៥០%។

ទម្លាប់​ល្អ​នៃ​ការ​រស់​នៅ ៖ មាន​របប​អាហារ​ត្រឹម​ត្រូវ ចម្រុះ ​និង​ប្លែកៗគ្នា ជា​បន្លែ​ផ្លែឈើ ផ្លែ​មាន​សម្បក​រឹង សណ្តែក ធញ្ញជាតិ។ ​ទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ តាមរដូវ តាម​តំបន់ យ៉ាងហោច​បួន​ខាំ​ក្នុង​មួយ​ថ្ងៃ។ បន្ថយ​ការ​បរិភោគ​​ស្ករ​ ជាតិ​ផ្អែម ខ្លាញ់ និង​ពិសេស​កំរិត​ការ​បរិភោគ​អំបិល ​យ៉ាង​ច្រើនបំផុត​ត្រឹម​​៥​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចៀសវា​ង​ការ​បរិភោគម្ហូប​​អាហារ​កែច្នៃ ម្ហូបអាហារ​ឧស្សាហកម្ម និង​ភេសជ្ជៈ​ផ្អែម ដែល​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​អាច​នាំ​ឱ្យ​មាន​ជំងឺ​មហារីក។ អាល់កុល សុរា ស្រាបៀ ក៏​ជា​ភេសជ្ជៈ​ត្រូវ​ចៀសវាង ឬ​​ទទួលទាន​​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​បំផុត ព្រោះ​សូម​ចង​ចាំ​ថា គ្មាន​ទេ​កំរិត​អប្បបរិមា​នៃ​ជាតិ​សុរា​​សម្រាប់​សុវត្ថិភាព​សុខភាព​នោះ។  ជា​ចុងក្រោយ​ សូម​កុំ​ភ្លេច​ធ្វើ​កីឡា ហាត់​ប្រាណ ធ្វើ​ចលនា​កាយ​សម្បទា។​ បើ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក ក្មេង​អាយុ​ពី​៥​ទៅ​១៧ឆ្នាំ​ត្រូវ​ធ្វើ​សកម្មភាពកាយ​សម្បទា​ល្មមៗ​​ទៅ​ខ្លាំង រយៈ​ពេល​៦០នាទី​ក្នុង​មួយ​ថ្ងៃ។ មនុស្សធំ​ពេញ​វ័យ (១៨ទៅ​៦៤ឆ្នាំ) ត្រូវ​បញ្ចេញ​ចលនា​ល្មមៗ​ ពី​​១៥០ទៅ​៣០០នាទី ឬ​លំហាត់​ប្រាណបែប​ប្រឹង​​ ពី៧៥ទៅ​១៥០នាទី​ ក្នុង​មួយថ្ងៃ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

San Sochea Official by San Sochea

San Sochea Official

2 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners