ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃអត្រាកំណើតគឺជានយោបាយអាទិភាពរបស់រដ្ឋាភិបាលជប៉ុន។ ទិន្នន័យផ្លូវការចេញផ្សាយដោយក្រសួងសុខាភិបាលជប៉ុនបានបង្ហាញថា នៅឆ្នាំ ២០២២អត្រាកំណើតទារកមានតិចជាង៨សែននាក់ ដែលជាអត្រាដ៏ទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីជប៉ុនបង្កើតស្ថាប័នស្ថិតិប្រជាជន ជាង១២០ឆ្នាំមកនេះ។ ប្រឈមនឹងវិបត្តិអត្រាកំណើតធ្លាក់ចុះជាលំដាប់ លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដាបានប្រកាសកាលពីខែមករាកន្លងទៅថា រដ្ឋាភិបាលរបស់លោកនឹងអាចបង្កើនទ្វេដង កញ្ចប់ចំណាយសម្រាប់កម្មវិធីថែទាំកុមារ ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាជនជប៉ុនចង់បានកូន។