នាទីសុខភាពនិងអនាម័យ

ការ​ពារ​សុខភាព​ភ្នែក ជា​ផ្នែក​មួយ​នៃ​ការ​ពារ​ប្រឆាំងនឹង​ជំងឺវង្វេងវង្វាន់


Listen Later

មាន​អត្រា​ជាតិ​ខ្លាញ់​ក្នុងឈាម​ខ្ពស់ និង​មិនព្យាបាល​ភ្នែក​ពេល​មើលមិន​ច្បាស់​ ជា​កត្តាហានិភ័យ​ពីរ​ថ្មី ដែលនាំ​ឱ្យ​មានគ្រោះ​កើត​ជំងឺរង្វេងវង្វាន់ អាល់ហ្សៃម៉ែរ។ នេះបើ​តាមការ​សិក្សា​ទើប​ចេញផ្សាយ​ នៅថ្ងៃទី ៣១​កក្កដា ២០២៤។ ប៉ុន្តែ​ជាដំណឹង​ល្អ នៅ​ពេ​ល​អនាគតដ៏​ខ្លី​ខាង​មុខ វេជ្ជសាស្ត្រទំនង​ជាអាចជួយ​វែក​រកជំងឺអាល់ហ្សៃម៉ែរ បាន​ឆាប់​រហ័ស​និ​ង​ដោយ​ភាព​​ប្រាកដប្រជាខ្លាំង ហើយងាយ ដោយ​គ្រាន់​តែ​យកឈាមទៅ​​​​វិភាគ​​ជំងឺ។

អាល់ហ្សៃម៉ែរជាជំងឺដ៏​គួរ​ឱ្យ​ខ្លាច និង​គ្មាន​ថ្នាំ​ព្យាបាល​ទេ រហូត​មកទល់​នឹង​ម៉ោង​នេះ​នាទី​នេះ។ បន្ថែម​ពី​លើ​ផលវិបាក​ដែល​អ្នក​ជំងឺ​រង​ទុក្ខ​ដោយ​ផ្ទាល់ រោគ​វង្វេងវង្វាន់ ជា​បន្ទុក​របស់​សង្គម និង​គ្រួសារ​ធ្ងន់ធ្ងរណាស់។ ហើយ​ក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស​រាប់​លាន​នាក់​ធ្លាក់​ក្នុង​ស្ថានភាព​វង្វេងវង្វាន់​ បាត់​បង់​ការ​ចង​ចាំ​ និង​លែងចេះ​និយាយ​ស្តី។ ប៉ុន្តែ ​អ្នក​ស្រាវជ្រាវក៏​​ចាប់​យល់​និង​កំណត់​បានកាន់​តែ​ច្រើន ​អំពី​កត្តា​ហានិភ័យ​ដែល​នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជំងឺ​អាល់ហ្សៃម៉ែរដែរ​។

នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០១៧​ដល់​ឆ្នាំ​២០២០ គណៈកម្មការ​ Lancet​ ដែល​ជា​អ្នកចង​ក្រង​​ទុក​នូវ​រាល់​គ្រប់​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​អាល់ហ្សៃម៉ែរ បានចេញ​បញ្ជី​កំណត់ ហានិភ័យ​នៃ​ជំងឺវង្វេង​វង្វាន់ថា​មាន​១២​​កត្តា ៖

-មាន​​កំរិត​សិក្សា​ទាប​

-​ថ្លង់​ (ធ្ងន់​ត្រចៀក)

-មាន​ជំងឺ​​លើស​ឈាម

-អសកម្មភាព​ផ្លូវកាយ

-មាន​ជំងឺ​ទឹក​នោម​ផ្អែម

-​​រស់​ឯកា​មិន​ចូល​សង្គម

-​ទទួល​ទាន​សុរា​ច្រើន

-ស្រូប​ខ្យល់​ពុល​

-​ជក់​បារី

-ធាត់​ជ្រុល

-​និង​មាន​ដំបៅ​ ឬ​គ្រាំ​ខួរក្បាល។

ពេល​​នេះ កា​រសិក្សាថ្មី​ដែល​ជា​ការ​វិភាគលម្អិត​ទិន្នន័យ​ពិភពលោក​ ដ៏​ធំ​ចម្បង​បំផុត ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី ៣១​កក្កដា ២០២៤​ ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​សុខភាព​ដ៏​ល្បីល្បាញ The Lancet ដដែល បានបង្ហាញ​សម្មតិកម្ម​​ស្តីពី​កត្តា​ហានិភ័យ​ពីរ​ថ្មី​ទៀតនៃ​​ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃម៉ែរ។ កត្តា​ហានិភ័យពីរ​​ថ្មីដែល​មក​ជួយ​ជំរុញ​បន្ថែម​ឱ្យ​មាន​វិបត្តិខួរ​ក្បាល​ភ្លេច​ភ្លាំងនោះ​ គឺ​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរ៉ូល​ខ្ពស់​  និង​ការ​បាត់​បង់​សមត្ថភាព​មើល​របស់​ភ្នែក​ហើយ​មិន​ស្វែង​រក​ការ​ព្យាបាល។

កត្តា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់

នៅក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ការងារ​​ស្រាវជ្រាវ​របស់​ខ្លួន អ្នក​វិទ្យាសាស្ត្រ​​ Lancet បាន​បញ្ចូល​អត្រា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ LDL ឬ​ហៅ​ថា​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់ ជា​កត្តា​ហានិភ័យ​សម្រួល​ឱ្យ​មាន​ជំងឺ​វង្វេង​វង្វាន់។ បើ​តាម​លទ្ធផល​នៃ​​ការ​សិក្សាបី​​លើ​អ្នក​ជំងឺអាយុ​ក្រោម​៦៥​ឆ្នាំ ​ជាង​១​លាន​មួយ​សែន​នាក់ នៅ​អង់គ្លេស​ ដោយ​​ផ្តោតការ​តាមដាន​​តែ​លើ​កំរិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរ៉ូល​អាក្រក់​ រយៈ​ពេល​១២​ឆ្នាំ​ទៅ គេ​សង្កេត​ឃើញ​ថា​ នៅ​ពេល​កំរិត​កូឡេស្តេរ៉ូលLDL ឡើង​១mmol/l ហានិភ័យ​មាន​វិបត្តិ​ភ្លេច​ភ្លាំង​កើន​ឡើង​៨%។

កត្តា​សុខភាព​ភ្នែក

ឯកត្តាហានិភ័យ​​ថ្មី​ទីពីរនៃ​ជំងឺ​វង្វេងវង្វាន់​ ពាក់ព័ន្ធ​នឹង​សមត្ថភាព​មើល​ឃើញ​​របស់​ភ្នែក​វិញ ជាករណី​ដែល​គណៈកម្មការ​មិន​ធ្លាប់​នឹក​គិត​និងចាត់​ទុក​ជា​កត្តា​ហានិភ័យ​​ពី​មុនមកសោះ​ ស្រាប់​តែឃើញ​ទិន្នន័យបញ្ជាក់​យ៉ាង​ច្បាស់​ក្រលែត​ទៅ​វិញ។ នៅ​ក្នុងទិន្នន័យ​សំយោគ​ការ​សិក្សាចំនួន​១៤​ ដោយ​មាន​អ្នក​ចូល​រួមជា​មនុស្ស​ធំ​ពេញ​វ័យ​​ជាង​៦​លាន​នាក់ ដែល​សុទ្ធ​តែ​មាន​សមត្ថភាព​ខួរក្បាល​ល្អពេញ​លេញ​​ពី​ដំបូង តែ​ចុង​ក្រោយ​ជាង​មួយសែន​៧ម៉ឺន​​នាក់​ធ្លាក់​ខ្លួន​មាន​វិបត្តិ​អាល់ហ្សៃម៉ែរភ្លេច​ភ្លាំង។ អ្នក​មាន​វិបត្តិ​ភ្លេច​ភ្លាំងទាំង​នេះ​សុទ្ធ​តែ​មាន​សុខភាព​ភ្នែក​ធ្លាក់​ចុះ​ មើល​មិន​ច្បាស់​ ពាក់​ព័ន្ធ​ជាមួយ​ទាំងអស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដឹកនាំតាក់តែង​​សំណេរ​នេះ ណែនាំ​ឱ្យ​គ្រប់​អ្នក​ជំងឺ​ទាំងអស់​រូត​រះ​ទៅ​ព្យាបាល​ភ្នែក​ នៅពេល​សមត្ថភាព​គំឃើញ​ចាប់​ធ្លាក់​ចុះ​ភ្លាម។ ការព្យាបាល​ភ្នែក​ជា​ចំណែក​មួយ​នៃការការពារ​មិន​ឱ្យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​អាល់ហ្សៃម៉ែរ។

មិន​ខុស​ពី​ពាក្យ​ស្លោកបូរាណ​ខ្មែរ “ការពារ​ប្រសើរ​ជាង​ការ​ព្យាបាលឡើយ” អ្នក​ជំនាញ​ផ្នែក​ជំងឺ​អាល់ហ្សៃម៉ែរ តែង​ទទូច​​អំពី​ភាព​សំខាន់ និង​ចាំបាច់​បំផុត​​នៃ​ការ​ការពារ​ខ្លួន​ពី​ជំងឺ​វង្វេង​វង្វាន់​ តាំងពី​យូរ​មក​ហើយ​​។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ ការវែក​រក​ឃើញ​កត្តា​ហានិភ័យ​នៃ​ជំងឺ​អាល់ហ្សៃម៉ែរ ដែល​សំខាន់​ខ្លាំង​ ព្រោះវាជា​ការ​ផ្តល់​មធ្យោបាយ​ឱ្យ​រក​វិធី​ការ​ពារ។

ជា​សរុប​ បើគណនា​​តាម​ក្បួន​ ជិត​ពាក់​កណ្តាល​នៃ​ករណី​រង្វេងវង្វាន់​អាល់ហ្សៃម៉ែរ អាច​បញ្ចៀស​បាន​ តាម​រយៈ​ការ​លុប​បំបាត់​កត្តាហានិភ័យ​ទាំង​១៤មុខ​។

មាន​ន័យ​ថា ជំងឺ​វង្វេង​វង្វាន់​អាល់ហ្សៃម៉ែរ មិនមែន​ជា​ជំងឺ​ដែល​គេមិន​អាច​ការពារឬ​បញ្ចៀស​បាន​ទេ។ ថ្វីបើ​កត្តា​ពូជ​​មាន​ចំណែក​ធំ​នាំ​ឱ្យ​មនុស្ស​មាន​រោគ​វង្វេង​ដែល​​គេ​អាច​លុប​បំបាត់​បាន​​​ក៏ដោយមែន ប៉ុន្តែ​គេ​អាច​បញ្ចៀស ច្រាន​ កត្តា​បរិស្ថាន កត្តា​រស់​នៅ​ កត្តា​ហានិភ័យក្រៅ​ខ្លួន​បាន ដើម្បី​បង្រួម​លទ្ធភាព​ធ្លាក់​ខ្លួន​មាន​ជំងឺ​វង្វេងវង្វាន់។ បើ​តាម​អ្នក​ជំនាញ ទោះ​ក្នុង​វ័យ​ណា និង​ស្ថានភាព​សុខភាព​កំរិត​ណា​ក៏​ដោយ​ ក៏​គេ​នៅ​អាច​ការពារ ពន្យារ ពន្យឺត និ​ងទប់​ជំងឺ​អាល់ហ្សៃម៉ែរ​បាន​ដែរ។ បើ​មិន​បាន​ច្រើន​ក៏​តិច។

ចូរ​ព្យាយាម​បញ្ចេញ​សកម្មភាព​ផ្លូវកាយ សកម្មភាព​ខួរក្បាល ព្រោះ​​ខួរក្បាល​ដ៏​ដូច​ជា​សរីរាង្គ​ផ្សេង​ទៀត​ដែរ កាន់​តែ​ប្រើ​កាន់​តែវិវឌ្ឍទៅ​រក​​ភាពចាស់ទុំ​​ល្អ​​ ពោល​គឺ​ ត្រូវ​ទម្លាប់​ប្រើ​ខួរ​ក្បាល​តាំងពី​ក្មេង ឱ្យ​គិត ឱ្យ​ចងចាំ ឱ្យ​គណនា ឱ្យ​ស្វែង​រកក្បួន​ ឱ្យ​ត្រេះរិះ​ រហូត​ដើម្បី​ពង្រឹង​កម្លាំង​កោសិកាប្រព័ន្ធ​ប្រសាទ​។ ការ​ណែនាំ​នេះ​ មិន​មែន​ជា​ការ​ជំរុញ​ឱ្យ​អ្នក​ទៅ​អង្គុយ​គិត​ លេខ​បូក​លុយ លេ​ងស៊ូដូគុ ឬ​ប្រើ​ខួរ​ក្បាល​រក​ល្បិច​ឈ្នះ​គេ​រហូត​ទេ តែ​ឱ្យ​អ្នក​ជ្រើសរើស​សកម្មភាព​អ្វី​មួយ​ដែល​នាំ​ឱ្យមាន​រីក​រាយ និងពិសេស​មានទំនាក់ទំនង​និង​​ភាព​ប្រទាក់​ក្នុង​សង្គម​ ហើយ​ត្រូវ​សាកល្ប​ង​ប្តូរ​ផ្លាស់​របៀប​របប​រស់​នៅ​ ប្រកប​ដោយ​អនាម័យ​ខ្ពស់ គេង​គ្រប់​គ្រាន់ និង​គេច​ពីកត្តា​​ហានិភ័យទាំង​១៤​ខាង​លើ​។​

ស្ថាប័នស្រាវជ្រាវ​​ជំរុញខ្លាំង​ឱ្យ​មានការ​ការពារ​ជំងឺ​អាល់ហ្សៃម៉ែរ​ ព្រោះថ្វី​បើ​គេ​ចំណាយ​ពេល​អស់​ជា​ច្រើន​ទសវត្សរ៍​ស្រាវជ្រាវ​ក៏​ដោយ​ ក៏​​វេជ្ជសាស្ត្រ​នៅ​តែ​ពុំ​ទាន់រក​ឃើញ​​ថ្នាំ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាពពិត​ទៀត។ បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​អនុម័ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ពីរមុខ (​Lecanemamb និង​ Donanemab​) សម្រាប់​ព្យាបាល​ជំងឺ​អាល់ហ្សៃម៉ែរ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ថ្នាំ​មាន​កំរិត​ណាស់ បើ​យោល​ទៅ​លើ​ផលប៉ះពាល់​បន្ទាប់​បន្សំ​នៃ​ថ្នាំ និង​បើ​យោល​ទៅលើ​តម្លៃ។ ចំណែក​ឯ​អាជ្ញាធរ​សុខាភិបាល​អឺរ៉ុប បាន​បដិសេធរួច​ហើយ​ មិន​ឱ្យ​ប្រើ​​ថ្នាំ​Lecanemambនៅលើ​ទឹក​ដី​សហភាព​ទេ និង​នៅ​ព្យូរ​លទ្ធផល​ចំពោះ​ថ្នាំ​Donanemab។ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កត្តាហានិភ័យ​នៃ​ជំងឺ​អាល់ហ្សៃម៉ែរ ទំនង​ជា​មធ្យោបាយ​ល្អ​ជាង​ការ​ចំណាយ​អភិវឌ្ឍ​ថ្នាំព្យាបាល​ដែល​គ្មាន​ផ្តល់​ក្តី​សង្ឃឹម​សោះ​រហូត​មក​ទល់​ពេល​នេះ។ ម្យ៉ាង​វិញ​ទៀត ការ​វែករក​​ជំងឺ​អាល់ហ្សែម៉ែរ​ទៀត​សោត​ ក៏​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ច្រើន ខ្លះ​ទាល់​តែ​រាប់​ឆ្នាំ និង​ជួប​វេជ្ជបណ្ឌិត​ឯកទេស​រាប់​សិប​នាក់ ទម្រាំ​អាច​កំណត់​បាន​ថា​ជា​ជំងឺ​អាល់ហ្សៃម៉ែរ។ ការ​កំណត់​ដឹង​​ជំងឺ​អាល់ហ្សៃម៉ែរ តាម​រយៈ​ការ​វិភាគឈាម​ ជា​មធ្យោបាយ​ល្អ​ និង​ងាយ តែ​គេ​នៅ​មិន​ទាន់​អាច​ប្រើ​វិធី​នេះជា​លក្ខណៈ​ទូទៅ​នៅ​ឡើយ​ទេ។ អ្នក​ស្រាវជ្រាវ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​សិន៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

San Sochea Official by San Sochea

San Sochea Official

2 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners