ក្រុមអង្គការសង្គមស៊ីវិលជាតិ និងបរទេសប្រមាណជា៥០ រួមទាំងក្រុមគ្រួសារសកម្មជនថៃលោក Wanchalearm Satsaksit កាលពីថ្ងៃចន្ទម្សិលមិញបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការខកខានរបស់ប្រទេសកម្ពុជាក្នុងការស៊ើបអង្កេតឲ្យម៉ត់ចត់ និងមានប្រសិទ្ធភាពចំពោះការបាត់ខ្លួនដោយបង្ខំរបស់សកម្មជនថៃលោក Wanchalearm។ លោក Wanchalearm គឺជាសកម្មជនប្រឆាំងថៃ ដែលរិះគន់រដ្ឋាភិបាលថៃលោកប្រាយុទ្ធមិនសំចៃមាត់។ ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលដូច្នេះ គឺស្របពេលដែលគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ(CED)រៀបចំការពិនិត្យមើលឡើងវិញជាបឋមអំពីស្ថានភាពនៃការបាត់ខ្លួនដោយបង្ខំនៅកម្ពុជានាថ្ងៃទី០៥ ខែមេសាឆ្នាំ២០២២នេះ។