អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួនបានចាត់ទុកការកាត់ទោសដាក់ពន្ធនាគារទៅលើ កញ្ញា សេង ធារី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងសិទ្ធិមនុស្សជាង៤០នាក់ផ្សេងទៀតពីចន្លោះ៥ ឆ្នាំ ដល់៨ឆ្នាំរបស់តុលាការក្រុងភ្នំពេញ គឺជារឿងមិនគួរកើតមានឡើយក្នុងប្រទេសដែលតែងតែអះអាងនៅចំពោះមុខក្រសែភ្នែកអន្តរជាតិថា បានគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបានពេញលេញ។ បណ្តាអង្គការសង្គម និងអ្នកការពារសិទ្ធិមនុស្សបានលើកឡើងថា ការបង្ក្រាបអ្នកប្រឆាំងដ៏ច្រើនលើសលុបនេះ គឺជាការសម្លាប់សំលេងប្រជាធិបតេយ្យនៅកម្ពុជា ខណៈការរឹតខ្ចៅបន្តឹងអ្នកគោពលទ្ធិប្រជាធិបតេយ្យមិនឱ្យងើបឡើងតស៊ូបាន កម្ពុជាអាចរងសម្ពាធធ្ងន់ធ្ងរពីប្រទេសលោកសេរី ជាពិសេសទំនាក់ទំនងការទូត។