ថ្មីៗនេះ រដ្ឋាភិបាល យល់ព្រមឱ្យក្រុមហ៊ុន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. បូមខ្សាច់ផ្គត់ផ្គង់ក្នុងស្រុក ហើយ ក៏អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេស។ គិតត្រឹមឆ្នាំ២០២១នេះ ក្រសួងរ៉ែនិងថាមពល បានផ្តល់អាជ្ញាបណ្ណ បូមខ្សាច់ ស្តារផ្លូវនាវាចរណ៍តាមដងទន្លេ ដល់ក្រុមហ៊ុន ចំនួនជាង ៥០។ ជាផ្លូវការ គឺមានក្រុមហ៊ុនពីរប៉ុណ្ណោះ ដែលមានសិទ្ធិនាំខ្សាច់ចេញ ហើយត្រូវនាំចេញ តាមច្រកតែមួយគត់ គឺច្រកក្អមស្រណ។ ជុំវិញការបូមខ្សាច់នៅស្រុកខ្មែរនេះ អ្នកធ្វើការខាងបរិស្ថាន និងសកម្មជនធម្មជាតិ គឺព្រួយបារម្ភក្នុងចិត្ត និងរំពឹងចង់ឃើញ«មានតម្លាភាព» ហើយនិងមានការលាតត្រដាងការវាយតម្លៃហេតុប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម ឲ្យបានច្បាស់លាស់។ ចំណែកខាងអាជ្ញាធររដ្ឋ គឺអះអាងថា ការវាយតម្លៃផលប៉ះពាល់ បានប្រព្រឹត្តទៅតាមនីតិវិធីច្បាស់លាស់។ បន្ថែមលើសពីនេះ ក្រសួងរ៉ែនិងថាមពល ក៏បញ្ជាក់ដែរថា ការបូមខ្សាច់ បានជួយដល់ការអភិវឌ្ឍ ពិសេសផ្នែកខាងសាងសង់ និងជាប្រភពចំណូលចូលជាតិ និងជួយស្តារទន្លេ។