នៅកម្ពុជា សេរីភាពជំនឿសាសនាមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ តែគេបានសង្កេតឃើញថា មានជនមួយក្តាប់តូចបាន និងកំពុងបន្តឆ្លៀតឱកាសយកសាសនាធ្វើជាអាជីវកម្ម។ ប្រឈមនឹងបញ្ហាដែលកំពុងកើតឡើងជាបន្តបន្ទាប់នៅក្នុងសង្គមខ្មែរ នាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបង្គាប់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធសិក្សាករណីនេះដោយមើលឃើញថា អំពើទុច្ចរិតរបស់ជនខិលខូចទាំងនោះកំពុងបង្កផលប៉ះពាល់ដល់សិទ្ធ តម្លៃ និងសាសនានៅកម្ពុជា។ អ្នកជំនាញទស្សនៈវិទ្យា អប់រំ វប្បធម៌និងអរិយ្យធម៌ យល់ថាការបង្គាប់របស់នាយករដ្ឋមន្ត្រីនេះគឺ ជាការដាស់ស្មារតីមន្ត្រីអសកម្មនិងពលរដ្ឋ ដែលមានជំនឿដោយខ្វះការពិចារណា។ អ្នកជំនាញខ្លះយល់ថា កម្ពុជាហាក់បីយឺតពេលបន្តិច។ តែអ្នកជំនាញខ្លះទៀតមិនបានយល់ដូច្នេះទេ។