ព្រឹកមិញ ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ កញ្ញា សេង ធារី បានចូលបំភ្លឺសាលាដំបូងក្រុងភ្នំពេញ។ សកម្មជនសិទ្ធិមនុស្ស រូបនេះ ត្រូវតុលាការចោទប្រកាន់ពីបទល្មើស«រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៀត ជុំវិញគម្រោងធ្វើដំណើរចូលស្រុកខ្មែរ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា២០១៩។ ព្រោះតែបញ្ហារឿងភស្តុតាងនិងឯកសារនានាស្មុគស្មាញខ្លាំង, សវនាការត្រូវបន្តទៅសប្តាហ៍ក្រោយទៀត។ ក្នុងពេលនេះ កញ្ញា សេង ធារី បានប្រកាសប្រាប់វិទ្យុបារាំង ថានឹងមិនចាកចេញទៅក្រៅស្រុកទេ ហើយនៅតតាំងនឹងតុលាការខ្មែរ ដែលកញ្ញាចាត់ទុកថា «ល្ខោននយោបាយ»។ ដោយសារតែរវល់នឹងរឿងក្តីក្តាំឡើងតុលាការនេះ កញ្ញាមិនទាន់សម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សណាទេ ប៉ុន្តែ កញ្ញាឲ្យដឹងថា ខ្លួនកញ្ញាតែងតែ គោរព និងស្រឡាញ់ ជំហរនយោបាយរបស់លោក សម រង្ស៊ី។