ថ្មីៗនេះ មានករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គជម្រៅ៥៥ម៉ែត្រស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមពីបុគ្គលម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ។ សកម្មភាពនេះត្រូវបានរដ្ឋបាលខេត្តកំពង់ចាមអះអាងថា ពុំមានច្បាប់អនុញ្ញាតទេ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តនៅថ្ងៃទី២២ កុម្ភៈ អាជ្ញាធរខេត្តបានតម្រូវឱ្យម្ចាស់ដីដែលកំពុងចាក់ថ្មចូលផ្ទៃទន្លេនោះត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវកាយថ្មចេញឱ្យអស់ក្នុងរយៈពេលកំណត់៧០ថ្ងៃ។ ចំណែកអភិបាលរងខេត្តកំពង់ចាមក៏បានបញ្ជាក់ដែរថា រដ្ឋបាលខេត្តកំពុងរៀបចំពាក្យបណ្តឹងទៅតុលាការ និងបន្តចុះពិនិត្យទីតាំងចាក់ថ្មនេះបន្តទៀត។ តែអ្វីដែលក្រុមអ្នកវិភាគចង់បានលើសពីនេះ គឺការដកមន្ត្រីនៅមូលដ្ឋានចេញពីតួនាទីដោយពួកគេយល់ថា ជាករណីឃុបឃិតរវាងម្ចាស់ដី និងអាជ្ញាធរនៅមូលដ្ឋាន៕