កាលពីរំលងអាធ្រាធឈានចូលថ្ងៃព្រហស្បតិ៍ មានករណីភ្ញាក់ផ្អើលមួយ នៅក្នុងសង្កាត់បឹងកេងកងរាជធានីភ្នំពេញ ដោយមន្ត្រីចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញម្នាក់ មានឋានៈខ្ពស់គួរសម បានបើកបររថយន្តទំនើបរបស់ខ្លួនទាំងស្រវឹងជោគទៅបុករបងសាលាថែទាំវេជ្ជសាស្ត្រ។ ហេតុការណ៍នេះត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនានាថាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍បែរជាមិនគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ដែរថា សមត្ថកិច្ចបានអនុវត្តច្បាប់ទៅលើបុគ្គលនគរបាលដែលបានប្រព្រឹត្តខុសឆ្គង ដោយធ្វើការផាកពិន័យដូចគេដូចឯង តាមរយៈការបង់ប្រាក់ ៤០ម៉ឺនរៀល(១០០ដុល្លារ)។