នៅក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីកំពុងបន្តការវាយប្រហារទៅលើទីតាំងយុទ្ធសាស្រ្ត និងអាគារលំដ្ឋានរបស់ប្រជាជន។ ក្រៅពីការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ទ័ពរុស្ស៊ីបានវាយប្រហារដោយគ្រាប់មីស៊ីល និងគ្រាប់រ៉ូកែត។ តាមមេបញ្ជាការកងទ័ពអ៊ុយក្រែន ការវាយប្រហាររបស់រុស្ស៊ីក្នុងថ្ងៃចន្ទ ទី១៧ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៨នាក់។ ដោយឡែក ការដែលរុស្ស៊ីបានប្រើដ្រូនអ៊ីរ៉ង់កំពុងធ្វើឲ្យអ៊ីរ៉ង់ក្លាយជាផ្ទាំងស៊ីបនៃទណ្ឌកម្មរបស់បស្ចិមប្រទេស រួមទាំងក្រុមហ៊ុន ឬរដ្ឋបរទេសណាដែលសហការជាមួយកម្មវិធីដ្រូនអ៊ីរ៉ង់។ តែអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា ខ្លួនមិនបានផ្តល់ ឬលក់ដ្រូនទៅឲ្យភាគីណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែនទេ។