ថ្ងៃចន្ទ ទី៦មីនា រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនូវគម្រោងថ្មីមួយ ដើម្បីប៉ះប៉ូវសងជម្ងឺចិត្ត ជូនដល់ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបានគេចាប់បង្ខំឲ្យធ្វើការ កាលពីក្នុងជំនាន់ជប៉ុនដាក់អាណានិគម រវាងពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។ ជាផែនការថ្មី ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា នឹងអាចបិទបញ្ចប់ទំព័រដ៏ឈឺចាប់ កាលពីអតីតកាល ហើយនឹងឈានទៅចាប់ផ្តើមកសាងទំនាក់ទំនងល្អប្រសើរ រវាងកូរ៉េខាងត្បូងនិងជប៉ុន។ តែយ៉ាងណាក៏ដោយ ផែនការសងជម្ងឺចិត្តដែលរដ្ឋកូរ៉េខាងត្បូងបានប្រកាសនេះ បានទទួលនូវការរិះគន់ជាខ្លាំង ពីសំណាក់សមាគមជនរងគ្រោះ ដោយគេលើកឡើងថា វាជារឿងមិនអាចទទួលយកបានទេ ដែលភាគីជប៉ុន មិនបានចូលរួមសុំទោស តាមរយៈការផ្តល់ជាថវិកាសងជម្ងឺចិត្តដោយផ្ទាល់ មកឲ្យជនរងគ្រោះ។