ស្ថានការណ៍ឆ្លងរាលដាលកូវីដ១៩នៅចិន បានស្ទុះហក់ឡើងជាខ្លាំង នាប៉ុន្មាន៣សប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលចិន បានបោះបងចោលគោលនយោបាយកូវីដសូន្យ។ យោងតាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ចំនួនអ្នកជំងឺឈឺធ្ងន់ បានកើនឡើងខ្លាំង ជាពិសេសក្នុងចំណោមមនុស្សចាស់ដែលបានឆ្លងកូវីដ១៩។ ទន្ទឹមគ្នានេះ ប្រជាជនចិនទូទៅបាននាំគ្នាផ្អើលឈូរឆរ ទិញថ្នាំគ្រុនក្តៅ ថ្នាំផ្តាសាយជាដើម ដើម្បីទុកព្យាបាលតាមផ្ទះរៀងៗខ្លួន ធ្វើឲ្យថ្នាំនៅតាមឱសថដ្ឋាន ត្រូវដាច់ស្តុក។ ប្រឈមនឹងស្ថានការណ៍ចលាចលនេះ រដ្ឋាភិបាលចិនទើបតែបានចេញបញ្ជា នៅថ្ងៃសុក្រទី២៣ធ្នូ ប្រាប់សហគ្រាសផលិតឱសថ ត្រូវតែរក្សាទុកស្តុកឱសថសំខាន់ៗ និងសម្ភារៈមួយចំនួន សម្រាប់រដ្ឋ មិនត្រូវលក់ចែកចាយទៅឯកជនឡើយ។