សង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងស្វិតស្វាញ ដោយកងទ័ពរុស្ស៊ី កំពុងតែបន្ថែមការប្រឹងប្រែង ដើម្បីវាយដណ្តើមយករដ្ឋធានីកៀវ និងទីក្រុងកំពង់ផែនៅភាគខាងអាគេ្នយ៍ ឈ្មោះ ម៉ារីយូប៉ូល។ លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងពាក្យគំរាម ជាបន្តបន្ទាប់ ដោយបានអះអាងថា ទណ្ឌកម្មសេដ្ឋកិច្ចដែលក្រុមប្រទេសលោកខាងលិចបានដាក់មកលើរុស្ស៊ី គឺជាមិនខុសអីពីការប្រកាសសង្គ្រាមមកលើរុស្ស៊ីនោះទេ។ ហើយនៅថ្ងៃអាទិត្យនេះ លោកពូទីន បានគំរាមថា អ៊ុយក្រែនអាចនឹងបាត់បង់លក្ខន្តិកៈជារដ្ឋឯករាជ្យ ប្រសិនបើអ៊ុយក្រែននៅតែប្រើគោលនយោបាយ រឹងរូសជាមួយរុស្ស៊ីតទៅទៀត។