កន្លងទៅថ្មីៗនេះ មានករណីប្រជាពលរដ្ឋរងគ្រោះដោយសារការទិញដីឡូត៍ ហើយមិនទទួលបានផលចំណេញតាមការសន្យាពីក្រុមហ៊ុន។ ក៏មានដែរ ករណីម្ចាស់គម្រោងមិនអនុវត្តតាមកិច្ចសន្យាសង់ផ្ទះជូនអតិថិជន ចំណែកអតិថិជនខ្លះ ក៏មិនមានលទ្ធភាពបង់រំលោះប្រចាំខែ។ ទាំងអស់នេះជាស្ថានភាពនៃវិស័យដីធ្លីនៅកម្ពុជា។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃនារាត្រីនេះ លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា វិស័យដីធ្លីក្នុងពេលបច្ចុប្បន្នមានសភាពថមថយ និងស្ងប់ស្ងាត់បន្តិច ដោយសារតែបញ្ហាសកល ដែលបានជះឥទ្ធិពលលើកម្ពុជា។ លោក ច្រឹក សុខនីម បញ្ជាក់ថា វិស័យដីធ្លីនៅកម្ពុជានឹងវិវត្តទៅរកសភាពធម្មតាវិញ ទៅតាមស្ថានភាពសកល ប៉ុន្តែសម្រាប់រយៈពេល៦ខែទៅមុខទៀត ស្ថានភាពក៏មិនមានអ្វីប្រែប្រួលខ្លាំងដែរ ធៀននឹងស្ថានភាពបច្ចុប្បន្ន។