ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅរាត្រីនេះ គឺលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់ក្រុមអ្នកតវ៉ាឲ្យទៅធ្វើតេស្តរកវីរុសកូវីដ១៩ជាកំហិត បន្ទាប់ពីមានការរកឃើញវិជ្ជមានកូវីដ១៩អូមីក្រុង ទៅលើអ្នកតវ៉ាមួយរូបកាលពីថ្ងៃទី២៨មករា។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរបានរកឃើញអ្នកតវ៉ាចំនួន៨នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេស្តយកសំណាកនៅកោះពេជ្រ។ លោក ឃួង ស្រេង លើកឡើងថា ការធ្វើតេស្តយកសំណាកលើក្រុមអ្នកតវ៉ាពេលនេះ មានសភាពពិបាក ដោយសារតែការមិនសហការ តែលោកនៅតែអំពាវនាវឲ្យអ្នកតវ៉ាទាំងអស់ទៅធ្វើតេស្ត ដើម្បីបញ្ចៀសហានិភ័យដល់សុខភាពសាធារណៈ។