ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានប្រកាសលើកពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅថ្ងៃទី១៨-១៩ ខែមករានេះ ទៅថ្ងៃក្រោយដោយហេតុផលសមាជិកអាស៊ានមួយចំនួនមានការលំបាកក្នុងការធ្វើដំណើរ។ ជុំវិញបញ្ហានេះ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអតីតអគ្គលេខាធិការរងអាស៊ានរយៈពេល៣ឆ្នាំកន្លងទៅ ថ្លែងបញ្ជាក់បន្ថែមថា ការលើកពេលនេះគឺជាការជួយសម្រួលដល់មិត្តអាស៊ានផ្សេងទៀត ដើម្បីឲ្យពួកគេចូលរួមចំណែក និងផ្តល់យោបល់បានពេញលេញ ខណៈប្រទេសអាស៊ានមួយចំនួនធំទៀតបានជូនដំណឹងពីការចូលរួមរួចហើយ ដើម្បីគាំទ្រភាពជាប្រធាន និងស្វែងរកដំណោះស្រាយរួមគ្នា។