បន្ទាប់ពីសិស្សចំនួន១១នាក់ បានស្លាប់ដោយសាលិចទូក នៅកោះចម្រើន ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានប្រាប់វិទ្យុបារាំង RFI ថាក្រសួងនឹងចេញសេចក្តីណែនាំមួយជាទូទៅទាក់ទងទៅនឹងសុវត្ថិភាពរបស់សិស្សដែលធ្វើដំណើរតាមទឹកទៅកាន់សាលារៀន។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំដូច្នេះ ធ្វើឡើងក្រោយលោកបានចុះទៅពិនិត្យស្ថានភាពផ្ទាល់ដល់កោះចម្រើន និងចូលរួមរំលែកមរណទុក្ខព្រមទាំងចូលបុណ្យដល់គ្រួសារសិស្សដែលបានបាត់បង់ជីវិត។ តាមអាជ្ញាធរខេត្តកណ្តាល អ្នកជិះលើទូកដចំនួន១៥នាក់ បានរួចជីវិតតែ៤នាក់ប៉ុណ្ណោះ ក្នុងនោះ២នាក់ជាអ្នកបើកទូក និង២នាក់ផ្សេងទៀតជាសិស្ស បន្ទាប់ពីពួកគេត្រលប់មកពីរៀនភាសាអង់គ្លេស និងកុំព្យូទ័រឯត្រើយម្ខាងទៀតដូចសព្វមួយដង ហើយជួបគ្រោះអកុសលដូចនេះ។