ក្រុមអង្គការសង្គមស៊ីវិល កាលពីថ្ងៃពុធបានបង្ហាញពីការព្រួយបារម្ភចំពោះការរិតត្បិតសេរីភាពបញ្ចេញមតិ តាមរយៈការបង្កើតអនុក្រឹត្យស្តីពីច្រកទ្វារអីុនធឺណិតជាតិ ដោយពួកគេលើកឡើងថា អនុក្រឹត្យនេះជាចេតនារបស់រាជរដ្ឋាភិបាល ដែលអាចចាប់យកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។ ក៏ប៉ុន្តែលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថាអនុក្រឹត្យស្តីពីច្រកទ្វារអីុនធឺណិតជាតិនេះ គឺសំដៅដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពោលគឺមិនមានបទប្បញ្ញត្តិណាមួយស្តីអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរិតត្បិតសេរីភាពក្នុងការបញ្ចេញមតិឡើយ។