ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតកាលទី៧ នឹងចាប់ផ្តើមនៅខែមេសាខាងមុខ ដែលបញ្ហានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធនៅដំណាច់ខែមីនានេះ។ សម្រាប់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ដែលជាមន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិបានបញ្ជាក់ថាអង្គការខុមហ្វ្រែល នឹងដាក់អ្នកសង្កេតការណ៍ចូលរួមការបោះឆ្នោតដ៏សំខាន់នេះចាប់ពីខែមេសាទៅ ខណៈដែលការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក៏ប៉ុន្តែអង្គការឃ្លាំមើលការបោះឆ្នោតនេះ នៅមិនទាន់សម្រេចថានឹងត្រូវធ្វើការវាយតម្លៃលទ្ធផលនៃការបោះឆ្នោត ឬយ៉ាងណានៅឡើយ។