ប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែមិថុនានេះ បានធ្វើពិធីដុតកំទេចគ្រឿងញៀនជិត៦តោន នៅក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣នេះ។ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពន្យល់ថាគ្រឿងញៀនជិត៦តោន ដែលដុតកំទេចចោលព្រឹកមិញនេះ គឺអាជ្ញាធរបង្ក្រាបបានចាប់តាំងពីឆ្នាំ២០២២មក ដោយយោងទៅលើសាលក្រម និងសាលដីកាតុលាការ ដែលបានសម្រេចចំនួនជាង៤០។ តាមលោក មាស វីរិទ្ធ សារធាតុគីមីផ្សំចំនួន៣០០តោនផ្សេងទៀត ដែលរឹបអូសបានមិនត្រូវបានបំផ្លាញចោលជាមួយគ្នាទេ ដោយសារសារធាតុខ្លះត្រូវការបន្សាប និងសារធាតុខ្លះទៀតត្រូវបំផ្លាញតាមបច្ចេកទេសដោយឡែក ដែលមិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន។