ដោយសារតែការចរចាមិនត្រូវគ្នាជាច្រើនលើកច្រើនសារមកនេះ ក្រសួងការងារបានទុកពេលឲ្យភាគីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍អាចជួបមុខគ្នាសារជាថ្មីនៅក្នុងរយៈពេលជិត១ខែខាងមុខទៀត។ ការពន្យាសម្រុះសម្រួលនេះត្រូវបានអ្នកការពារសិទ្ធិការងារយល់ថា ជាចេតនាដាក់សម្ពាធដល់ភាគីកម្មករ នៅគ្រាដែលអ្នកតវ៉ាកំពុងជាប់បណ្តឹងនៅតុលាការដែលប្តឹងដោយភាគីថៅកែ។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លើកឡើងថា អធិការកិច្ចការងារគួរសិក្សាពីឬសគល់នៃការរើសអើងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ឲ្យបានលំអិត ខណៈលោកយល់ថា វិវាទអូសបន្លាយនេះផ្តើមចេញពីការរើសអើងសហជីព។