ភ្ញៀវប្រចាំថ្ងៃ របស់យើងនៅរាត្រីនេះ គឺលោក ណុប វី នាយកប្រតិបត្តិ អង្គការ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ លោកនឹងបំភ្លឺបន្ថែមជុំវិញ របាយការណ៍ កម្រាស់ជាង១០ទំព័រ ស្តីពី ស្ថានភាពវិស័យសារព័ត៌មាននៅស្រុកខ្មែរ។ ឆ្លងតាមការអង្កេត ក្នុងត្រីមាសចុងឆ្នាំ២០២១ គឺ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មើលឃើញពីការរំលោភបំពានសិទ្ធិសេរីភាពសារព័ត៌មាន ដែលនៅតែបន្តមាន ហើយក៏មានដែរ ករណីបៀតបៀនបំពារបំពានរាងកាយនិងផ្លូវភេទ ទៅលើអ្នកកាសែតស្រី។ ដោយឡែក ទិន្នន័យរបស់ ក្រសួងព័ត៌មាន បង្ហាញថា ព័ត៌មានក្លែងក្លាយមានជាង២ពាន់ករណីនៅឆ្នាំចាស់ តែលោក ណុប វី ដាក់ការសង្ស័យទៅលើមូលដ្ឋាននៃការវាយតម្លៃវិនិច្ឆ័យ។ ជុំវិញការរីកចម្រើនកាន់តែច្រើននៃកាសែតចិននៅស្រុកខ្មែរ លោក ណុប វី ព្រួយបារម្ភខ្លាចក្រែងកាសែតចិនទាំងនោះ មិនផ្សាយការពិតពីផលប៉ះពាល់នៃការវិនិយោគរបស់ចិនលើកសង្គមខ្មែរ។