គណបក្សហ្វុនស៊ីនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខភាពនៅតាមឃុំ សង្កាត់ ប្រមាណជាពាក់កណ្តាល ក្នុងចំណោមឃុំ សង្កាត់សរុបចំនួន១៦៥២។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច បានថ្លែងថាការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ មានសារសំខាន់ណាស់សម្រាប់គណបក្សហ្វុនស៊ីនប៉ិច ដោយគណបក្សរាជានិយមមួយនេះបានដាក់គោលនយោបាយសំខាន់ៗចំនួន៩ចំណុច។ ចំណុចទាំងនោះរួមមាន ការផ្តល់សេវាសាធារណៈ និងប័ណ្ណក្រីក្រដោយមិនរើសអើង ការផ្តល់ប័ណ្ណថែទាំសុខភាព បង្កើតក្រុមពិគ្រោះយោបល់ក្នុងការធ្វើអាជីវកម្ម ការគិតគូរពីវិស័យអប់រំ ការលុបបំបាត់គ្រឿងញៀន ដំណោះស្រាយបញ្ហាដីធ្លី ការអភិវឌ្ឍន៍តាមបណ្តោយព្រំដែន និងសង្គមកិច្ច។ តាមលោក ញឿន រ៉ាដែន ព្រះរាជបុត្រសម្តេចក្រុមព្រះនឹងមានសមត្ថភាពអាចស្តារប្រជាប្រិយភាពគណបក្សហ្វុនស៊ីនប៉ិចឡើងវិញ និងមានការរំពឹងខ្ពស់ចំពោះការទទួលបានអាសនៈនៅក្នុងការបោះឆ្នោតនេះ។