នៅក្នុងពិធីប្រគល់រថយន្តដល់វរសេនាតូចនគរបាលការពារព្រំដែនកាលពីថ្ងៃអង្គារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងជាសំណួរថាតើអ្នកណាទទួលខុសត្រូវចំពោះការនាំចូលសារធាតុផលិតគ្រឿងញៀនចូលមកកម្ពុជា? តាមរយៈការបន្លឺសំណួរខ្លាំងៗដូច្នេះ លោក ស ខេង បានប្រាប់រដ្ឋមន្ត្រីដែលកាន់កាប់ក្រសួងពាក់ព័ន្ធក្នុងការផ្តល់អាជ្ញាប័ណ្ណនាំសារធាតុផលិតគ្រឿងញៀនចូលកម្ពុជា មិនត្រូវមើលស្រាលលើបញ្ហានេះទេ។ បើពុំដូច្នេះរដ្ឋមន្ត្រីរូបនោះ នឹងជាប់ជំពាក់នឹងការបំផ្លាញសុខភាពសាធារណៈ និងបំផ្លាញសេដ្ឋកិច្ច សង្គម ថែមទៀត។