ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ថ្ងៃនេះ បានបើកសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដើម្បីជជែកពីចំណុចខ្លាំង និងចំណុចខ្សោយ តាមរយៈការបោះឆ្នោតឃុំ-សង្កាត់២០២២ និងដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ លោក សុខ ឥសាន ទទួលស្គាល់ថា ការបាត់បង់សំឡេងគាំទ្រមួយចំនួននៃការបោះឆ្នោតឃុំ-សង្កាត់ ពេលថ្មីនេះៗ ព្រោះមន្ត្រីមូលដ្ឋានខ្លះមិនទាន់យល់ពីគោលនយោបាយស៊ីជម្រៅរបស់គណបក្ស ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ។ លោកថា សន្និបាតពេលនេះ ក៏ជាដាស់តឿនមន្ត្រីបក្ស ឲ្យបង្កើនសមត្ថភាពរបស់ខ្លួន កុំរង់ចាំតែថ្នាក់ជាតិចុះទៅដោះស្រាយបញ្ហា។