លទ្ធផលនៃការបោះឆ្នោតឆ្នាំក្រោយត្រូវបានអង្គការខុមហ្វ្រែលវិភាគថា គណបក្សកាន់អំណាចឈ្នះ រហូតដល់១០៤ អាសនៈលើ១២៥ ខណៈនៅសល់២១អាសនៈទៀតនឹងបានទៅលើគណបក្សភ្លើងទៀន។ ប៉ុន្តែការទស្សទាយនេះត្រូវបានលោក ថាច់ សេដ្ឋា ចាត់ទុកថា មិន«ឡូហ្សិក»ទេ ដោយសារតែផ្អែកលើលទ្ធផលបោះឆ្នោតឃុំ សង្កាត់កន្លងមក។ ការបោះឆ្នោតដែលអនុប្រធានគណបក្សភ្លើងទៀនរូប យល់ថា មានភាពមិនប្រក្រតីកើតឡើងច្រើន និងស្ថិតក្នុងបរិយាកាសគំរាមកំហែង។ បើតាមលោក ថាច់ សេដ្ឋា ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ លទ្ធផលនឹងមានការប្រែប្រួលខ្លាំង ខណៈអ្នកគ្រប់អាយុបោះឆ្នោតនឹងកើនឡើងជាង១លាននាក់ទៀត។