ចេញពីជំនួបកំពូលG20 នៅញូដេលី លោកប្រធានាធិបតី ចូ បៃដិន បានបន្តដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃអាទិត្យទី១០កញ្ញា។ ទស្សនកិច្ចទៅវៀតណាម ជាអ្វីដែលប្រធានាធិបតីអាមេរិកគ្រប់រូប តែងតែធ្វើមិនដែលខាន បើគិតពីឆ្នាំ១៩៩៥មក។ វាគឺជាគោលនយោបាយស្តារទំនាក់ទំនងនឹងគ្នា បន្ទាប់ពីប្រទេសទាំង២បានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតជាមួយគ្នា តាមរយៈ “សង្គ្រាមវៀតណាម”។ លើសពីការរឹតចំណងមិត្តភាព វៀតណាមក៏អាចមានអត្ថប្រយោជន៍ច្រើនដែរ ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក្នុងបរិបទបច្ចុប្បន្ន ដែលអាមេរិកនិងចិន ប្រជែងគ្នាកាន់តែខ្លាំង។