កូរ៉េខាងជើងបិទទំព័រឆ្នាំចាស់ ស្វាគមឆ្នាំថ្មី ឆ្នាំ ២០២៣ជាមួយការបាញ់សាកល្បងមីស៊ីលបាលីស្ទិក៣ដើមកាលពីថ្ងៃសៅរ៍ និងមួយដើមទៀត នៅម៉ោង២ភ្លឺថ្ងៃអាទិត្យទី១មករា។ តាមកងទ័ពកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបាញ់នៅព្រឹកថ្ងៃអាទិត្យនេះជាមីស៊ីលបាលីស្ទិកចម្ងាយខ្លីបាញ់ចេញជាយក្រុងព្យុងយ៉ាង និងធ្លាក់នៅក្នុងសមុទ្រជប៉ុន។ នៅប៉ុន្មានម៉ោងក្រោយបាញ់មីស៊ីលបាលីស្ទិក ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNAបានចុះផ្សាយសេចក្តីថ្លែងការណ៍របស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលនៅក្នុងនោះលោកបានបញ្ជាឲ្យគេបោះពួយបង្កើនអាវុធនុយក្លេអ៊ែរឲ្យច្រើនជាងមុននៅក្នុងបរិបទនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ។