វិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានរំលេចឲ្យឃើញកាន់តែច្បាស់ អំពីគោលនយោបាយការទូតរបស់ឥណ្ឌា ដែលមានលក្ខណៈជាតិនិយម និងមិនខ្វល់ពីតម្លៃមនសិកា នៅក្នុងការសន្យាជាមួយសហគមន៍អន្តរជាតិ។ ជានិច្ចជាកាល ឥណ្ឌាអះអាង ថាខ្លួនគឺជាដៃគូរបស់ក្រុមប្រទេសលោកខាងលិច ដោយប្រកាសការពារក្របខណ្ឌច្បាប់អន្តរជាតិ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ តែទន្ទឹមគ្នានេះ ឥណ្ឌា គឺជាប្រទេសដែលស្និទនឹងរុស្ស៊ីបំផុតផងដែរ តាមរយៈការសហការជាច្រើន ទាំងសេដ្ឋកិច្ច និងវិស័យយោធា។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី មានបំណងឲ្យឥណ្ឌា ប្រកាន់គោលជំហរ “ពហុបក្សសម្ព័ន្ធ” ពោលគឺត្រូវជាមួយគ្រប់ភាគី ទាំងរុស្ស៊ី ទាំងបស្ចិមលោក ឲ្យតែកាលៈទេសៈ អាចហុចផលចំណេញមកឲ្យឥណ្ឌា។