ប្រជាជនម៉ាឡេស៊ី ប្រមាណ៧០% បានចូលរួមបោះឆ្នោតយ៉ាងកុះករ កាលពីថ្ងៃសោរ៍កន្លងទៅ ដើម្បីជ្រើសរើសសមាជិកសភា។ ជាការបោះឆ្នោតសភាមុនអាណត្តិដល់ទៅ១០ខែ បន្ទាប់ពីអតីតគណបក្សកាន់អំណាច បានសម្រេចរំលាយសភា ដោយសង្ឃឹមថានឹងអាចឈានទៅបង្កើតរដ្ឋាភិបាលថ្មី តាមរយៈការបោះឆ្នោតនេះ ជាមួយនឹងចំនួនអាសនៈរឹងមាំពេញដៃ។ ប្រមាណ៤ឆ្នាំមកហើយ ដែលម៉ាឡេស៊ី ឆ្លងកាត់អស្ថិរភាពនយោបាយ ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីដល់ទៅ៣ដងរួចមកហើយ។ តែទីបំផុត ក្រោយការបោះឆ្នោត កាលពីថ្ងៃសៅរ៍ គីអស្ថិរភាពនៅតែមានដដែល។ លទ្ធផលបោះឆ្នោតបានបង្ហាញថា គ្មានក្រុមបក្សនយោបាយណាមួយឈ្នះដាច់នោះទេ។ ការចរចា ប្រជែងគ្នា កំពុងតែត្រូវបានធ្វើយ៉ាងសស្រាក់សស្រាំ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។