មហាសន្និបាតលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែលបានបើកទ្វារកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ត្រូវបិទបញ្ចប់នៅថ្ងៃសៅរ៍ទី ២២តុលា ជាមួយនឹងការបោះឆ្នោតជាឯកច្ឆ័ន្ទ តែងតាំងសមាជិកថ្មី នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត។ ដូចអ្វីដែលគេរំពឹងទុក គឺលោក ស៊ី ជីនពីង បានទទួលការពង្រឹងអំណាចកាន់តែខ្លាំងឡើង ជាមួយនឹងការបន្ត កាន់កាប់កៅអីប្រធានាធិបតីចិន ក្នុងអាណត្តិទី៣។ ទន្ទឹមគ្នានេះដែរ យោងតាមការអះអាង របស់ក្រុមអ្នកកាសែតបរទេស លោក ហ៊ូ ជីនតាវ អតីតប្រធានាធិបតីចិន ទំនងដូចជាត្រូវបានបុគ្គលិក២នាក់ ចាប់ក្រៀកចេញពីអង្គសន្និបាតទាំងបង្ខំ មុនពេលការបោះឆ្នោតបានចាប់ផ្តើម។