កាលពីចុងខែឧសភា ចិនបាន បង្ហាញនាវាប្រភេទថ្មីមួយ គ្មានមនុស្សបើក សម្រាប់ផ្ទុកយានដ្រូន។ នាវាដែលត្រូវគេប្រសិទ្ធនាមថា Zhu Hai Yun គឺជានាវាផ្ទុកដ្រូន មុនដំបូងគេក្នុងពិភពលោក ហើយដែលរដ្ឋាភិបាលចិន បានប្រកាសបង្ហាញ យ៉ាងមានមោទនភាពបំផុត។ ជាផ្លូវការ នាវាផ្ទុកដ្រូនរបស់ចិននេះ គឺត្រូវបានស្ថាបនាឡើង ក្នុងកម្មវត្ថុស្រាវជ្រាវវិទ្យាសាស្ត្រ នៅលើផ្ទៃទឹក និងនៅបាតសមុទ្រ។ ក៏ប៉ុន្តែយោងតាមអ្នកជំនាញបរទេសជាច្រើន បានលើកឡើងថា នាវាផ្ទុកដ្រូនដ៏ទំនើបរបស់ចិននេះ អាចជាឧបករណ៍ប្រើប្រាស់ក្នុងវិស័យយោធា ដើម្បីអនុញ្ញាតឲ្យកងទ័ពចិន អាចបើកប្រតិបត្តិការដ្រូននៅលើលំហរសមុទ្រ ដោយមិនចាំបាច់ប្រើនាវាចម្បាំង ឬក៏ទាហានជើងទឹក ទៅដល់ទីតាំងផ្ទាល់។