មហាសន្និបាតរបស់គណបក្សប្រជាជនកាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញសេចក្តីសម្រេចចិត្តចំនួន១១ចំណុចធំៗ។ ចំណុចទី៤ បានចែកចេញជាគោលដៅយុទ្ធសាស្ត្រចំនួន៥ចំណុចតូចៗ ដោយចំណុចទី៥តូច គណបក្សប្រជាជនបានលើកឡើងថា«បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។ អ្នកជំនាញខាងវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានចាត់ទុកថាជានយោបាយការបរទេសល្អ និងជួយឲ្យកម្ពុជាគេចផុតពីសម្ពាធភូមិសាស្ត្រនយោបាយរបស់មហាអំណាចប្រសិនបើការអនុវត្តន៍ស្របទៅតាមខ្លឹមសារដែលបានបន្លឺឡើង។