នៅបារាំង ភាគខាងលិចជាយទីក្រុងប៉ារីស មានផ្ទុះនូវអំពើហិង្សាដុតរថយន្ត និងទ្រព្យសម្បត្តិសាធារណៈ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ អំពើហិង្សា ដែលបានផ្ទុះឡើង បន្ទាប់ពីមានករណីនគរបាលបារាំង បានបាញ់ក្មេងជំទង់ម្នាក់បណ្តាលឲ្យស្លាប់ បន្ទាប់ពីក្មេងជំទង់នោះ បានបដិសេធមិនស្តាប់ការឃាត់រថយន្ត។ ករណីនេះ បានបណ្តាលឲ្យផ្ទុះមតិរិះគន់ ទៅលើកងសមត្ថកិច្ច ក៏ដូចជាស្ថាប័ននគរបាលបារាំងទាំងមូលតែម្តង ថាបាននិងកំពុងតែប្រើប្រាស់កម្លាំងហួសប្រមាណ ទៅលើប្រជាពលរដ្ឋ ក្នុងនាមខ្លួនជាអ្នករក្សាសន្តិសុខសុវត្ថិភាព។ បញ្ហា អំពើហិង្សារបស់នគរបាល តែងតែជាចំណុចរសើប បង្កឲ្យមានការជជែកតវ៉ា តឹងសរសៃក មិនថានៅលើឆាកនយោបាយ និងក្នុងសង្គមបារាំងជាទូទៅ។