បារាំងបានឆ្លងកាត់ស្ថានភាពចលាចលហិង្សា កុបកម្មសឹងពាសពេញប្រទេស អស់មួយសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមានករណីក្មេងជំទង់ម្នាក់ឈ្មោះ ណាហ៊ែល ត្រូវបាននគរបាលបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃអង្គារទី២៧មិថុនា នៅជាយខាងលិចទីក្រុងប៉ារីស។ ក្រោយហេតុការណ៍ ចលនាកុបកម្មហិង្សាបានផ្ទុះឡើងជារៀងរាល់យប់ តាមទីក្រុងនានាសឹងពាសពេញប្រទេស ដោយក្រុមកុបករ ភាគច្រើនជាក្មេងជំទង់ ទាំងហ្វូងៗ បាននាំគ្នាដុតរថយន្ត បង្កអគ្គីភ័យតាមអគារ និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ យ៉ាងហិង្សាជាទីបំផុត។ តើកត្តាអ្វីខ្លះ ដែលបានជំរុញឲ្យក្មេងជំទង់នៅបារាំង អាយុត្រឹម១២ ១៣ឆ្នាំ ចេញធ្វើសកម្មភាពហិង្សាយ៉ាងកំរោល ប្រឆាំងសង្គម ប្រឆាំងសមត្ថកិច្ចបែបនេះ?