កាលពីថ្ងៃអាទិត្យទី២០កុម្ភៈ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រឹងប្រែងស្វែងរកវិធី ដើម្បីបញ្ចៀសសង្គ្រាមនៅអ៊ុយក្រែន។ លោកម៉ាក្រុង បានទូរស័ព្ទទៅនិយាយដោយផ្ទាល់ ជាមួយលោកពូទីន និងលោកចូ បៃដិន។ វិមានប្រធានាធិបតីបារាំង បានឲ្យដឹងនៅក្នុងវេលាយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ថា ក្រោយជំនួបតាមទូរស័ព្ទ អស់ជាច្រើនម៉ោងនេះ លោកពូទីន និង លោកចូ បៃដិន បានសុខចិត្ត យល់ព្រមជួបគ្នាមួយទល់នឹងមួយ នៅក្នុងជំនួបកំពូលមួយ ដែលគេនឹងរៀបចំក្នុងពេលឆាប់ៗនេះ។ ដំណឹងនេះ គឺជាពន្លឺនៃក្តីសង្ឃឹមមួយ ដើម្បីស្វែងរកដំណោះស្រោយដោយសន្តិវិធី ក្នុងវិបត្តិអ៊ុយក្រែន។